RODWELL LEARNING CENTER - សាលាបង្រៀនគួររ៉ដវែល

READ OUR BLOG

  • Home - ទំព័រដើម
  • Pass Program
  • About Us - អំពីរ៉ដវែល
    • Tell Us
    • Meet Rodwell
    • Our Philosophy
    • Job At Rodwell
  • Address - អស័យដ្ឋាន
  • Webmail - វេបមែល

12/9/2015

That Moment ... 

0 Comments

Read Now
 
It's one thing to say that I was very happy to find out so many of our students have passed their National Exam for the Grade 12. It's another level to feel proud and accomplished. I started out last year teaching Khmer math for the first time since I have opened the Institute. In the beginning, I only focused on the American curriculum due to my lack of Khmer vocabularies especially all those technical terms in mathematics. However, last year I decided that it was time for me to take on another challenge and teach math in Khmer. It was quite difficult in the beginning. I read a lot of books, planned a lot of lessons, and wrote down many terms the night before. I made sure that I explained to the students in a way that they could comprehend. I definitely got better as time went on. Soon I realized language barrier was not the only challenges I was facing.

As I got to know the curriculum and the students' needs better, I realized how afraid they were. The students' main focus was to pass the exam, obviously, but that drove the lesson lopsided. Everything that I taught was redirected towards the exam. I found myself day after day focusing my lessons on "how to pass the exam." And then I lost it. I lost why I taught math. There were days where I dragged myself out of bed just to go to teach. That had NEVER happened to me before in 8 years that I have been a teacher. I think I began to understand what teachers in Cambodia are going through. I finally understood the needs to change the curriculum and its goal. We cannot teach our students to solely focus on tests. Students must taught to deeply understand the concept and its applications. Students must learn to appreciate mathematics in its true form and principles. And that's what I did. I did not prepare them simply just to take the exam. I showed them the world through mathematics. 

So when I saw so many of my students passed, I realize just how proud I am, not only of them, but also of the way they have emerged themselves in mathematics. When mathematics is taught correctly, passing exam is just an iceberg on top of the surface. There are so much more for them to learn and appreciate. For that, i definitely feel accomplished and achieved. 

Share

0 Comments

21/2/2015

ប៊ិចឬខ្មៅដៃ?

1 Comment

Read Now
 
Picture
ជាធម្មតា នៅពេលដែលក្មេងទើបតែចូលសាលារៀនជាលើកដំបូង ខ្មៅដៃគឺជាជម្រើសតែមួយគត់​សម្រាប់​សរសេរ​នៅ​ក្នុងសៀវភៅ។ ជាទូទៅ សិស្សបឋមសិក្សាគឺតម្រូវឲ្យប្រើខ្មៅដៃសម្រាប់សរសេរមេរៀន ធ្វើលំហាត់ និងគណនាគណិតវិទ្យាជាដើម។ នៅក្មុងប្រទេសកម្ពុជាយើង នៅពេលដែលសិស្សឡើងដល់កម្រិត​អនុវិទ្យាល័យ ពួកគេគឺតម្រូវ​ឲ្យ​ប្តូរទៅប្រើប៊ិចវិញម្តង។ នេះគឺផ្ទុយពីបញ្ចឹមប្រទេសមួយចំនួនដូចជាសហរដ្ឋ​អាមេរិក គឺគ្មានការទាមទារឲ្យសិស្សផ្លាស់​ប្តូរឧបករណ៍សម្រាប់សរសេរទេ សូម្បីតែដល់កម្រិតឧត្តមសិក្សាក៏ដោយ។ សិស្សអាចសរសេរប្រើប៊ិច ប៉ុន្តែគ្មានការដាក់កំហិតឲ្យសិស្សត្រូវតែប្រើប៊ិចនោះទេ។ ហេតុអ្វីបានជាប្រទេសកម្ពុជាយើងតម្រូវឲ្យសិស្សផ្លាស់ប្តូរទៅប្រើប៊ិចវិញ? តើការប្រើប្រាស់ប៊ិចមានអត្ថប្រយោជន៍យ៉ាងណា? ចុះការប្រើប្រាស់ខ្មៅដៃវិញ តើវាមានគុណសម្បតិ្តអ្វីខ្លះបានជាប្រទេសមហាអំណាចមួយចំនួននៅតែអញ្ញាតិឲ្យកូនសិស្សគេប្រើខ្មៅដៃ?

មុននឹងខ្ញុំនិយាយអំពីផលប្រយោជន៍នៃការប្រើខ្មៅដៃ ខ្ញុំចង់ទទួលស្គាល់ថាប៊ិចពិតជាមានលក្ខណៈសំខាន់​មួយចំនួនដែលខ្មៅដៃមិនអាចផ្តល់ឲ្យបាន។ ទីមួយ ប៊ិចជាឧបករណ៍សរសេររបស់មនុស្សពេញវ័យ ដូច្នេះការផ្លាស់ប្តូរពីខ្មៅដៃទៅប្រើប៊ិចប្រៀបដូចជាការចម្លងវ័យពីកុមារភាពទៅយុវភាព។ វាជាសញ្ញាសម្គាល់ដ៏សំខាន់មួយដែលសរបញ្ជាក់អំពីភាពទទួលខុសត្រូវដែលតម្រូវឲ្យសិស្សឈប់លេងសើចដូចកូនក្មេង។ ទីពីរ ការប្រើប្រាស់ប៊ិចគឺតម្រូវឲ្យសិស្សមានការប្រុងប្រយ័ត្ន​នៅពេលសរសេរ ពីព្រោះពួកគេមិនអាចចេះតែសរសេរៗឲ្យបានតែរួចពីដៃបាននោះទេ វាពិបាកលុបនិងកែវិញណាស់។ ដូច្នេះការ​ប្រើ​ប្រាស់ប៊ិច គឺដូចជាការហ្វឹកហាត់ដ៏សំខាន់មួយសម្រាប់ឲ្យសិស្សចាប់ផ្តើមកែទម្រង់ទម្លាប់នៃការសរសេររបស់ពួកគេ។ ទីបី ប៊ិចជាការរំលឹកដាស់តឿនដែលសិស្សគ្រប់រូបត្រូវចាំថា អ្វីៗដែលយើងធ្វើទៅហើយមិនអាចងាយនឹងកែវិញបានទេ។ ទោះបី​ជា​កែបាន ក៏វានៅតែមានស្នាមចាស់ មិនអាចលុបឲ្យបានដូចដើម 100% ដែរ។ នេះជាមេរៀនដ៏សំខាន់មួយសម្រាប់ឲ្យពួកគេគិតនៅពេលដែលពួកគេសម្រេចចិត្តធ្វើអ្វីមួយក្នុងជីវិត​ ឬធ្វើអំពើអ្វីទៅលើអ្នកដទៃ។ និយាយឲ្យខ្លីទៅ ដូចពាក្យចាស់លោកថា “គិតមុនគូស”។

ចុះប្រសិនបើប៊ិចមានសារៈសំខាន់ដល់ថ្នាក់ហ្នឹង ហេតុអ្វីបានជានៅតែមានប្រទេសខ្លះជំរុញឲ្យសិស្សគេប្រើខ្មៅដៃរហូត​ឧត្តមសិក្សា? ហេតុអ្វីបានជាខ្មៅដៃនៅតែជាឧបករណ៍សរសេរជម្រើសទីមួយសម្រាប់វិស្វករ អ្នកវិទ្យាសាស្រ្ត និងកវី​និពន្ធជាដើម? មុននឹងខ្ញុំបកស្រាយពីមូលហេតុនិងគុណសម្បត្តិរបស់ខ្មៅដៃ ខ្ញុំសូមជម្រាបថា ក្នុង​នាមខ្ញុំជាគ្រូគណិតវិទ្យា ឧទាហរណ៍ដែលខ្ញុំនឹងលើកឡើងទាំងប៉ុន្មានគឺប្រាកដជាមានភាពលម្អៀងទៅលើគណិតវិទ្យាបន្តិចហើយ។ ប៉ុន្តែអ្វីៗទាំងអស់នោះ យើងនៅតែអាចយកវាទៅអនុវត្តក្នុង​មុខវិជ្ជាផ្សេងៗដែរ។

ដើម្បីយល់ឲ្យបានក្បោះក្បាយថា​​ តើខ្មៅដៃមានប្រយោជន៍យ៉ាងណានោះ យើងត្រូវតែពិនិត្យសិក្សាអំពីតួនាទីនៃសាលារៀនជាមុនសិន។ ហេតុអ្វីបានជាយើងបញ្ជូនកូនយើងទៅសាលារៀន? និយាយឲ្យខ្លីទៅ មកពីយើងចង់ឲ្យពួកគេចេះ! នៅពេលដែលពួកគេធ្វើអ្វីមួយត្រូវ យើងប្រៀបវាស្មើនឹងចេះ។ ដូច្នេះបានន័យថានៅពេលដែលសិស្សយើងធ្វើអ្វីមួយ​ត្រូវ គឺពួកគេចេះ។ ប៉ុន្តែអ្វីដែលយើងបានមើលរំលងនោះគឺ សាលារៀនគឺជាកន្លែងដែលអនុញ្ញាតឲ្យសិស្សធ្វើខុស! កំហុសគឺជាមេរៀនដ៏មានតម្លៃមួយក្នុងជីវិតសិស្ស ពីព្រោះពួកគេអាចរៀនពីកំហុសទាំងនោះហើយអាចកែវាមកត្រូវវិញបាន។ នៅពេលសិស្សស្ថិតក្នុងកម្រិតបឋមសិក្សា យើងអនុញ្ញាតឲ្យពួកគេប្រើខ្មៅដៃពីព្រោះយើងដឹថថាពួកគេប្រាកដជាធ្វើខុស​ ដូច្នេះវាងាយស្រួលក្នុងការលុបកែ។ ប៉ុន្តែហេតុអ្វីបានជាយើងគិតថា ក្មេងៗកម្រិតអនុវិទ្យាល័យ ឬ វិទ្យាល័យធ្វើអ្វី​មិនខុស? នេះជាសម្ពាធមួយដែលមិនសមហេតុសមផលដែលវិស័យអប់រំដាក់ទៅលើសិស្ស។ បើសិនជាសិស្សអាចសរសេរប៊ិចហើយមិនខុសមែននោះ គ្មាននរណាផលិតទឹកលុបទេ។​ ខ្ញុំមិនដែលឃើញក្មេងណាប្រើប៊ិចដោយគ្មានទឹកលុបនៅជិតនោះទេ។ បើ​អញ្ចឹងដដែល ហេតុអ្វីបានជាយើងមិនអនុញ្ញាតឲ្យគ្នាប្រើខ្មៅដៃទៅ?

បើយើងនិយាយពីមុខវិទ្យាដែលត្រូវការការគិតព្រាងទុក ដូចជាគណិត រូប គីមី ជីវវិទ្យា ជាដើម ខ្មៅដៃរឹតតែមានអត្ថប្រយោជន៍ជាងប៊ិចទៅទៀត ។ នៅពេលដែលសិស្សសិក្សាគណិតវិទ្យា យើងត្រូវទទួលស្គាល់ថាគាត់មិន​មែនគ្រាន់តែកត់ចម្លងមេរៀនយកមកពីក្តារខៀនទេ។ អ្វីដែលពួកគាត់ត្រូវធ្វើឲ្យបានច្រើននោះគឺលំហាត់អនុវត្តន៍។ ដូច្នេះហើយ ពួកគាត់ប្រាកដជាធ្វើខុស។ និយាយឲ្យចំទៅ យើងជាគ្រូ​ចង់ឲ្យគាត់ធ្វើខុសច្រើនជាងត្រូវ។ ហេតុអ្វី? ពីព្រោះថា​ នៅពេលដែលសិស្សធ្វើខុស គ្រូអាចយល់ដឹងពីការរិះគិតរបស់ពួកគេ ហើយគ្រូអាច​រកវិធីសាស្រ្តផ្សេងៗមកជួយពន្យល់ឲ្យគាត់បានយល់ជាងមុន។ បើសិនជាសិស្សធ្វើត្រូវរហូត ​មិនបានសេចក្តីថាពួកគាត់យល់នោះទេ វាគ្រាន់តែមានន័យថាគាត់អាចធ្វើតាមជំហ៊ានដែលគ្រូបង្ហាញនៅលើក្តារខៀន។​ ការសិក្សា​គណិតវិទ្យាគឺទៀមទារឲ្យសិស្សសាកនេះ សាកនោះ ហើយធ្វើខុសគឺគ្មានបញ្ហា កាន់តែច្រើនកាន់តែល្អ!

ដូច្នេះហើយ នៅពេលដែលសិស្សប្រើប៊ិចក្នុងការធ្វើលំហាត់គណិតវិទ្យា ពួកគាត់ភាគច្រើនមិនហ៊ានសាកល្បងចាប់ផ្តើមដំណោះស្រាយអ្វីមួយទេ ពីព្រោះពួកគាត់ខ្លាចខុសពិបាកលុបចុះលុបឡើងជាមួយនឹងទឹកលុប។ សិស្ស​ខ្លះដែលខ្ញុំបានសង្កេតឃើញ សុខចិត្តទុកក្រដាសឲ្យនៅទទេរហើយចាំគ្រូបង្ហាញដំណោះស្រាយជៀសជាង​សាកដោយខ្លួនឯងដោយសារតែការប្រើប្រាស់ប៊ិចនេះឯង។ ខ្ញុំក៏បានសង្កេតឃើញថា សិស្សដែលប្រើខ្មៅ​ដៃហ៊ានធ្វើលំហាត់ដោយមិនខា្លចខុស ហ៊ានគូសវាសពេញលើក្រដាស ហើយភាគច្រើនទោះបីជាពួកគាត់មិនអាចដោះស្រាយបាន 100%  យ៉ាងហោចណាស់​គាត់ក្លាហានក្នុងការសាកល្បង។

និយាយឲ្យខ្លីទៅ ប៊ិចក្តី ខ្មៅដៃក្តីសុទ្ធតែមានប្រយោជន៍រាងៗខ្លួន។ ក៏ប៉ុន្តែក្នុងការសិក្សាគណនាគណិតវិទ្យា ខ្មៅ​ដៃអាចជួយជំរុញសិស្សឲ្យក្លាហានក្នុងការសាកល្បងរកវិធីដោះស្រាយដោយមិនខ្លាចខុស។ ទោះបីជាយើងប្រើខ្មៅដៃមិនបានន័យថាយើងមិនគិតមុនគូនោះទេ តែសម្រាប់មុខវិទ្យាគណិតវិទ្យានិងមុខវិទ្យាខ្លះទៀត យើងគិតនឹងដៃ។ ដូច្នេះហើយ សិស្សគួរតែនៅប្រើខ្មៅដៃនៅពេលអនុវត្តលំហាត់ក្នុងគណិតវិទ្យាដើម្បីឲ្យស្ទាត់ក្នុងការរិះគិតមុននឹងប្តូរទៅប្រើប៊ិច។

 

Share

1 Comment

8/9/2014

ហេតុអ្វីបានជាខ្ញុំធ្វើជាគ្រូបង្រៀន?

1 Comment

Read Now
 
Picture
Picture
ជាធម្មតានៅពេលដែលយើងនៅក្មេង ចាស់ៗតែងតែសួរយើងថា តើកូនចង់ធ្វើអីធំឡើង? ក្មេង​ភាគច្រើន​ចង់ធ្វើ​ពេទ្យ វិស្វករ មេធាវី អ្នកជំនួញ និងគ្រូបង្រៀន។ ទោះបីជាពួកគេមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ​ក៏នៅតែ​មាន​​​​មនុស្ស​​ជ្រើស​​រើសយក​មុខ​ងារជា​គ្រូដែរ​ ពីព្រោះ​ថា​វា​ជា​ការងារ​ដែល​មាន​កត្តិយស​។ ប៉ុន្តែសព្វថ្ងៃនេះ កត្តិយស​របស់គ្រូបង្រៀននៅប្រទេសខ្មែរក្តី នៅបរទេសក្តី កំពុងតែទទួលរងគ្រោះពីសំណាក់សាធារណៈ ។ ប្រាក់ខែគ្រូស្ទើរតែស្មើរឬអាចទាបជាងអ្នករត់ម៉ូតូកង់បីផង។ រីឯការទាមទៀរពីសារធារណៈជនវិញ គឺលើស​លប់​ជាងការគាំទ្រពីពួកគេ។ សេចក្តីត្រូវការរបស់សិស្សកំពុងតែអណ្តែតលើងពីមួយថ្ងៃទៅមួយថ្ងៃ តែសេចក្តី​ត្រូវ​ការ​របស់គ្រូត្រូវមើលរំលងឬជាន់ពន្លិចចោល។

ប៉ុន្តែហេតុអ្វីបានជាមានអ្នកដែលនៅចង់ធ្វើជាគ្រូបង្រៀន? តើគាត់ទទួលបានផលចំណេញអ្វីខ្លះទៅ? ខ្ញុំថា​គ្មាន​នរណា​​សម្រេចចិត្តធ្វើគ្រូព្រោះគិតថាខ្លួននឹងក្លាយជាអ្នកមានដូចជាអ្នករកស៊ីទេ។ តើហេតុអ្វីទៅ? ឬក៏មក​ពីពួក​គាត់​អស់​ជម្រើស?

នៅពេលដែលខ្ញុំសិក្សាបរិញ្ញាតិប័ត្រនៅសកលវិទ្យាល័យវ៉ាស្ហិងតោន ខ្ញុំចាប់ផ្តើមសិក្សាផ្នែកវិស្វករ​ ដោយសារ​តែ​ខ្ញុំ​ដឹង​ថាផ្នែកនេះគឺងាយរកការធ្វើ ហើយអាចរកបានប្រាក់កម្រៃចិញ្ជឹមជីវិតបានខ្ពស់ផងដែរ។ ប្អូន​ប្រុស​ខ្ញុំ​សិក្សា​ខាងវិស្វករកុំព្យូវទ័រ បងប្រុសធ្វើការឲ្យក្រុមហ៊ុនផលិតយន្តហោះ Boeing ។ ម៉ាក់ប៉ាសុទ្ធតែធ្វើការ​ឲ្យ​ក្រុម​ហ៊ុន​អេឡិកត្រូនិកទាំងពីររូប។ ដូច្នេះ ជម្រើសសិក្សាវិស្វករជាផ្លូវដើរយ៉ាងធម្មជាតិមួយដែលខ្ញុំត្រូវដើរ។ ប៉ុន្តែ​បន្ទាប់​ពីសិក្សាបានពីរឆ្នាំ ខ្ញុំចាប់ផ្តើមមានអារម្មណ័ថា ខ្ញុំមិនសូវពេញចិត្តនឹងអ្វីដែលខ្ញុំកំពុងតែសិក្សាសោះ។ ខ្ញុំ​ក៏​សម្រេច​ចិត្តប្តូរទៅសិក្សាផ្នែកគណិតវិទ្យាអនុវត្តវិញ ដោយគិតថា បើយ៉ាងម៉េចៗ ខ្ញុំនៅតែ​អាច​រក​ការ​ធ្វើបាន​នៅ​ក្នុង​វិស័យវិស្វករ។

បន្ទាប់ពីរៀនចប់បរិញ្ញាប័ត្រ ខ្ញុំក៏សាកដាក់ពាក្យចូលបន្តសិក្សាអនុបណ្ឌិត​ផ្នែកវិស័យ​អប់រំ​គណិត​វិទ្យា​ទាំង​ប្រថុយ​​ប្រថាន ពីព្រោះគេយកតែគ្រូណាដែលមានបទពិសោធន៍យ៉ាងតិចណាស់ពីរទៅបីឆ្នាំ។ តែខ្ញុំទើបតែ​រៀន​ចប់ អត់ទាន់មានបទពិសោធន៍អីទេ។ សំណាងខ្ញុំដល់ ឆ្អឹងខ្ញុំអណ្តែត សកលវិទ្យាល័យ​បានអនុញ្ញាតិឲ្យ​ខ្ញុំបន្ត​អនុបណ្ឌិត ដែលមានរយៈពេលពីរឆ្នាំទៀត។ ខ្ញុំរៀនចប់អនុបណ្ឌិតពេលខ្ញុំមានអាយុ 24 ឆ្នាំ ហើយខ្ញុំ​ក៏បាន​ចូល​បង្រៀនតាមមហាវិទ្យាល័យនៅក្នុងក្រុងស៊ីអាផុល។ ដោយសារតែខ្ញុំនៅក្នេងបន្តិច ការបង្រៀន​នៅមហា​វិទ្យា​ល័យ​មាន​ផលវិបាកខ្លះ ដែលបានធ្វើឲ្យខ្ញុំធុញទ្រាន់នឹងការងារ។ ខ្ញុំក៏សម្រេចចិត្តប្តូរទៅកម្រិតវិទ្យាល័យវិញ។ ប្រាំ​ឆ្នាំដែលខ្ញុំបង្រៀននៅវិទ្យាល័យ ខ្ញុំបានយល់ដឹងច្រើន ជាពិសេស​ពីមូលហេតុដែល​ខ្ញុំសម្រេច​ចិត្តធ្វើជា​គ្រូបង្រៀន។ ប្រាំឆ្នាំនោះបានបង្រៀនខ្ញុំឲ្យដឹងពីតូនាទីខ្លួន​ឯង ​និងកាតព្វកិច្ចជាគ្រូក្នុងការអភិវឌ្ឍន៍មនុស្ស។ ទាំងប្រាំយ៉ាងខាងក្រោមនេះ ជាមូលហេតុដែលខ្ញុំសមេ្រចចិត្តធ្វើជាគ្រូបង្រៀន៖

  1. ខ្ញុំអាចបង្រៀនសិស្សឲ្យយល់ដឹងពីពិភពលោកនឹងកាតព្វកិច្ចរបស់គេជាមនុស្សមួយរូប

    ចំពោះយុវជនកេ្មងៗយើងមានឱកាសតិចតួចណាស់សម្រាប់បង្រៀនលុតដំពួកគេឲ្យទៅជាមនុស្ស​មួយរូបដែលអាចធ្វើអ្វីនានាឲ្យមានប្រយោជន៍ដល់ប្រទេសក៏ដូចជាពិភពលោកទាំងមូល។ ដូច្នេះ​ហើយ វ័យវិទ្យាល័យគឺជាពេលដ៏សំខាន់មួយដែលពួកគេបានចំណាយជាមួយគ្រូ តាមពិតទៅ ពេល​វេលា​នោះអាចច្រើនជាងជាមួយឳពុកម្តាយគេផង។ ទោះបីជាខ្ញុំត្រឹមតែជា​គ្រូ​បង្រៀន​គណិតវិទ្យា​ក៏ដោយ ក៏ខ្ញុំខំឆ្លៀតឱកាស​បង្រៀនពួកគេឲ្យយល់ដឹងពីពិភពលោកទាំងមូល មិនមែនត្រឹម​តែគណិត​វិទ្យា​ទេ។ ខ្ញុំអាចធ្វើឲ្យពួកគេគិត ហើយស្វែងរក​ចម្លើយដោយខ្លួន​​​​​​​​​​​​​​​​​​ឯង។ ការស្វែងរក ស្វែង​យល់នេះ​ហើយ​ដែលអាចធ្វើឲ្យពួកគេបែកចិត្ត បែកគំនិត ចេះថ្លឹងថ្លែង ចេះពិចារិណា ចេះរកវិធីដោះ​ស្រាយ​បញ្ហាផ្ទាល់ខ្លួនក៏ដូចជារបស់សហគមន៍ពួកគេ។ 

  2. ខ្ញុំអាចបន្តរៀនសូត្រនៅពេលដែលខ្ញុំបង្រៀន

    តាមពិតទៅ ខ្ញុំរៀនចេះដឹងបានច្រើននៅពេលដែលខ្ញុំធ្វើជាគ្រូ។នេះក៏ដោយសារតែសិស្ស​មាន​សំណួរ​​ឬចម្ងល់ល្អៗដែរហើយ ពួកគាត់តែងតែសួរ។ ទោះបីជាខ្ញុំមិនមានចម្លើយជាប់នឹងខ្លួន ក៏​ខ្ញុំខំស្រាយជ្រាវយកចម្លើយនោះមកឲ្យពួកគាត់ឲ្យបាន។ ការសិក្សាបន្ថែមនេះ​ហើយបាន​ធ្វើឲ្យខ្​ញុំគិត​ថា ខ្លួនចេះដឹងច្រើនជាងកាលមិនទាន់ធ្វើគ្រូទៀត។ គ្រប់វិស័យកំពុងតែអភិវឌ្ឍទៅមុខ ដូច​ជាបច្ចេកវិទ្យា វិទ្យាសាស្រ្ត ចំណេះដឹងទូទៅ ហេតុការជុំវិញពិភពលោកជាដើម។ ខួក្បាល​របស់​ក្មេងៗ​ជំនាន់​នេះគឺខុសពីជំនាន់មុន។​ ដូច្នេះហើយខ្ញុំត្រូវតែបង្ខំខ្លួនឯងឲ្យខំរៀនសូត្រពីនេះ ពីនោះដើម្បី​ឲ្យ​មាន​ចំណេះដឹង​គ្រប់គ្រាន់សម្រាប់ពន្យល់បង្រៀនសិស្ស។

  3. ខ្ញុំមានមោទនភាពនៅពេលដែលសិស្សរៀនចេះ

    ខ្ញុំមានមោទនភាពដែលខ្លួនពូកែរកវិធីសាស្រ្តពន្យល់ផ្សេងៗហើយប្លែកៗដើម្បីឲ្យសិស្សយល់ពីមេ​រៀន​ពិបាកៗ។ នៅពេលដែលពួកគេយល់ហើយ ខ្ញុំតែងតែឃើញទឹកមុខរបស់ពួកគេភ្លឺថ្លា ហើយ​ស្នាមញ​ញឹម​ក៏ចេញមកដែរ។ នោះហើយជាមោទភាព​របស់គ្រូទៅលើសមត្ថភាព​មួយដែលអាច​បង្រៀន​អ្នក​ដទៃបាន។ ខ្ញុំតែងតែនិយាយថា អ្នកដែលចេះ​គណិតវិទ្យាមិន​ប្រាកដថាចេះ​បង្រៀនវា​ទេ។ ដូច្នេះបើយើងមានទេព្យកោសល្យខាងបង្រៀន អ្វីៗផ្សេងទៀតគឺវាងាយនឹងរៀនថែមទេ។ ផ្ទុយ​ទៅវិញ​ បើសិនជាយើងចេះយ៉ាងណាតែគ្មានទេព្យកោសល្យ វាពិបាកបន្តិច។

  4. ខ្ញុំសប្យាយនិងរីករាយបំផុតនៅពេលដែលខ្ញុំបង្រៀន

    ទោះបីជាខ្ញុំហត់នឿយយ៉ាងណា នៅពេលដែលខ្ញុំដើរចូលថ្នាក់ឈរនៅមុខក្តារខៀន មិនដឹង​ថាកម្លាំង​ខ្ញុំមកពី​ណាទេ។ ខ្ញុំគឺរស់រវើក ពរពេញទៅដោយកាយវិការនិងសម្លេងឭៗ។ និយាយឲ្យខ្លីទៅ ខ្ញុំ​សប្បាយ​និង​រីករាយជាងគេនៅពេលដែលខ្ញុំឈរបង្រៀននៅមុខសិស្ស។ ខ្ញុំជឿថា មនុស្ស​យើងគ្រប់​រូប​ត្រូវ​តែ​ជ្រើសរើសមុខងារមួយដែលធ្វើឲ្យយើងសប្បាយចិត្តនឹងធ្វើការងារនោះដោយក្តីរីករាយ​មិន​មែន​ដោយ​បង្ខំចិត្តទេ ជាពិសេសមុខងារជាគ្រូនេះមួយ។ អនាគតក្មេងៗទាំងមូលគឺ​ឋិតនៅលើ​កណ្តាប់​ដៃ​យើង។ បើសិនជាការងារនេះជាការអស់ជម្រើស នោះមានន័យ​ថាការផ្គត់ផ្គង់​អនាគត​ក្មេងគឺមិន​មែនជាជម្រើសយើងទេ។ ដូច្នេះវាប្រហែល​ជាដល់ពេលដែលយើងត្រូវដើរ​ចេញពីមុខងារ​ជាគ្រូហើយទុកឲ្យអ្នកដែលចង់ធ្វើវិញហើយ។​

  5. ខ្ញុំអាចផ្លាស់ប្តូរជោគវាសនារបស់មនុស្សម្នាក់បាន

    មុខងារនិងតួនាទីជាគ្រូគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្លាស់ប្តូរជោគវេសនារបស់សិស្ស។ អនាគត​ពួកគេគឺពឹងផ្អែកទាំងស្រុងទៅលើភារកិច្ចនិងការទទួលខុសត្រូវរបស់គ្រូទាំងស្រុង។ នេះ​មិន​មែន​ជាអ្វីដែលខ្ញុំអាចយកមកលេងសើចបានទេ។​ ទោះបីជាខ្ញុំដឹងថាខ្ញុំមិនអាចប្តូរ​សិស្ស100%​ ក៏​ខ្ញុំ​នៅ​តែព្យាយាម។ ប្រាកដណាស់ យើងមិនអាចផ្លាស់ប្តូរពិភពលោកទាំងមូលបានទេ តែយើងអាច​ផ្លាស់​ប្តូរ​ពិភពរបស់មនុស្សម្នាក់បាន។ ខ្ញុំតែងតែខិតខំបង្រៀនពួកគេ​ឲ្យ​ចេះ យល់ ដឹង ពីជីវិត​ក្រៅ​ពី​គណិត​វិទ្យា។ ខ្ញុំតែងតែសួរខ្លួនឯងថា បើសិនជាខ្ញុំដកយកគណិតពីសិស្សខ្ញុំមកវិញ តើពួកគាត់​បាន​រៀន​ចេះ​អ្វីខ្លះទៀតពីខ្ញុំដែលអាចយកទៅប្រើការបានក្នុងជីវិតគាត់? បើសិនចម្លើយគឺគ្មានអ្វីសោះ នោះ​ខ្ញុំប្រាកដជាមិនបានបង្រៀនអ្វីដល់ពួកគាត់ទេ។ 

មុខងារជាគ្រូបង្រៀនគឺពិតជាមានសារៈសំខាន់ទូលំទូលាយណាស់។ វាមិនងាយស្រួល​ដូចជាការ​គិតឬការ​ធ្វើ​របស់​មនុស្ស​មួយចំនួនទេ។ បើសិនជាមានគ្រូណានិយាយថា ការបង្រៀនគ្មានអ្វីពិបាកទេ គាត់ប្រាកដជា​មិន​បាន​​ឬមិ​នទាន់បានបំពេញភារកិច្ចគាត់ជាគ្រូឲ្យបានពេញលេញនៅឡើយទេ។ វេសនា​របស់​មនុស្សម្នាក់​ទាំង​មូល​​គឺ​ឋិតនៅលើដៃរបស់យើងជាគ្រូ។ ដូច្នេះយើងត្រូវឈប់យកអនាគតគ្នាមកលែងសើច ឬការងារ​បណ្តោះ​អាស្នន​ពីព្រោះ​យើងគ្មាន​ជម្រើសអ្វីផ្សេងក្នុងជីវិត។  

Picture
Picture
Picture

Share

1 Comment

29/8/2014

តើធ្វើយ៉ាងណាដើម្បីសិក្សាគណិតវិទ្យាឲ្យចេះ?

2 Comments

Read Now
 
Picture
នៅក្នុងអំឡុងពេល២ឆ្នាំដែលខ្ញុំបានវិលត្រឡប់មកបង្រៀននៅប្រទេសកម្ពុជាវិញ ខ្ញុំបានជួបប្រទះ​សំណួរជា​ច្រើនជុំវិញ​វិស័យអប់រំគណិតវិទ្យាដែលទាក់ទងទៅនឹងវិធីសាស្រ្តបង្រៀន​ក៏ដូចជាកម្មវិធីសិក្សា​ដែលបានចោទ​សួរ​ដោយ​សិស្សឬមាតាបិតាសិស្ស។ ប៉ុន្តែសំណួរដែលខ្ញុំជួបច្រើនជាងគេពីសិស្សនោះគឺ “តើខ្ញុំត្រូវធ្វើ​យ៉ាងម៉េច​ដើម្បី​សិក្សា​គណិត​វិទ្យាឲ្យចេះ?”​

មុននឹងខ្ញុំឆ្លើយសំណួរនេះ ខ្ញុំចង់និយាយអំពីជំនឿដ៏គ្រោះថ្នាក់​មួយដែល​សិស្សនិងឪពុក​ម្តាយភាគច្រើនគិតថា​វាជា​ការពិត។ ខ្ញុំបានជួបប្រទះមនុស្សជាច្រើននាក់ដែលគិតថា ពួកគាត់គ្រាន់តែសិក្សា​គណិតវិទ្យាមួយ​ខែ​ឬ​ពីរ​ខែ ក៏នឹងអាចមានសមត្ថភា​ពស្​មើនឹ​ងគេ​ដែ​លសិក្សារាប់ឆ្នាំ។  ខ្ញុំស្ទើរតែគ្មានពាក្យ​និយាយតបទៅគាត់​នៅពេល​ដែល​​សិស្ស​សួរថា លោកគ្រូខ្ញុំត្រូវការរៀនគណិតដើម្បីត្រៀមប្រឡងយកអាហារូបករណ៍ ឬប្រឡង​ចូលសាលា​ពេទ្យក្នុងរយះពេល៥សប្តារហ៍ទៀត ប៉ុន្តែខ្ញុំអត់ចេះអ្វីសោះ។ ខ្ញុំគ្មានចម្លើយ​ណាដែល​អាចឆ្លើយ​ទៅគាត់​ដែល​មិន​​ធ្វើឲ្យ​គាត់អស់សង្ឃឹមនោះទេ។

គណិតវិទ្យាមិនមែនជាមុខវិជ្ជាដែលយើងអាចសិក្សាតែពីរបីអាទិត្យបានទេ។ នេះជាជំនឿដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​​សិស្ស​និងលោកអ្នកជាឪពុកម្តាយក្នុងការរៀបចំអនាគតកូនៗ។ តាមពិតទៅ វាមិនខុសពីការ​សង់ផ្ទះ​ឬអាគារ​ធំៗ​ឡើយ។ បើសិនជាយើងចង់ឲ្យវាម៉ាំ យើងត្រូវតែ​ចំណាយ​ពេលបុក​គ្រិះឲ្យ​បានជ្រៅ​ទើបយើងអាច​សង់ទៅលើ​បាន​ខ្ពស់ហើយ​ជាប់ល្អ។ គ្រិះនៃគណិតវិទ្យាមានសារៈ​សំខាន់ក្រៃលែង​ក្នុងការសាង​សង់ចំណេះ​ដឹង​ឲ្យបាន​ខ្ពស់​និងទូលំទូលាយ។ គ្មាននរណាអាចសង់អាគារខ្ពស់ដោយគ្មានគ្រិះនោះទេ ដូចគ្នាដែរ គ្មាន​សិស្ស​​​ណា​អាចសិក្សាគណិតប្រសិនបើគាត់មិនទាន់មានគ្រិះពីក្រោមមកទេ។ ដូច្នេះ​ចម្លើយ​ដែល​ខ្ញុំតែងតែ​ប្រាប់​សិស្ស​នៅ​ពេលដែលពួកគាត់សួរខ្ញុំថា តើពេលណាជាពេលល្អបំផុតសម្រាប់ត្រៀម? ២ឆ្នាំមុន!

អ្វីមួយទៀតដែលខ្ញុំធ្លាប់បានសង្កេតឃើញគឺសិស្សភាគច្រើនមានទម្លាប់សិក្សាមួយឆ្នាំមុន ដើម្បី​ត្រៀម​សម្រាប់​ឆ្នាំ​ក្រោយៗ។ ទោះបីជាមានសិស្សខ្លះអាចសិក្សារំលង់ថ្នាក់បាន ក៏មិន​បានន័យ​ថាវា​ជាវិធី​ល្អមួយ​ក្នុងការ​សិក្សា​គណិត​វិទ្យា​ដែរ។ បើសិនជាយើងមិនទាន់សង់ជាន់ទី១ឲ្យបានម៉ាំទេ យើងម៉េចនឹង​អាចសង់​ជាន់បន្ត​ទៅលើ​ទៀត​បាន? ការសិក្សា​របៀបនេះ​បានធ្វើ​ឲ្យសិស្សមួយចំនួនជឿថា​គណិតវិទ្យាជាមុខវិទ្យាដែល​អាចសិក្សាទៅ​តាម​​​តែ​ការគិតរបស់គេ។ គណិតវិទ្យាជាមុខវិទ្យាដែលមានមាតិការច្បាស់លាស់និងភាពទូលំទូលាយ អាច​សិក្សា​​​មិនចេះចប់ មិនចេះហើយ។ សូម្បីតែ​ថ្នាក់ទី១០ មួយយើងអាច​ចំណាយពេល២ឆ្នាំ​ក៏មិនប្រាកដថា​អាច​​សិក្សា​ឲ្យស៊ីជម្រៅដែរ ប្រសិនបើយើងសិក្សាវា​ឲ្យទូលំទូលាយនោះ។

ជំនឿនៃការសិក្សាគណិតវិទ្យាអស់ទាំងនេះត្រូវតែផ្លាស់ប្តូរឲ្យបានឆាប់បំផុតប្រសិនបើយើងចង់ឲ្យសិស្សជំនាន់​ក្រោយ​ទទួលយកបាននូវការចេះដឹងពិតប្រាកដមួយ មិនមែន​គ្រាន់តែសម្រាប់ត្រៀម​ប្រឡងឬរំលង​ថ្នាក់នោះ​ទេ។ ការរៀនសង្ខេបបែបនេះជាមូលហេតុដែលសិស្សភាគច្រើនមិនយល់ពិត​ប្រាកដ​ថាគណិត​វិទ្យាមាន​សារៈ​សំខាន់​អ្វីខ្លះហើយហេតុអ្វីបានជាយើងត្រូវសិក្សាអំពីវា។ សិស្សភាគច្រើនតែងតែរអ៊ូថា តើអនាគតទៅ ខ្ញុំយកវា​ទៅធ្វើ​អី? ខ្ញុំគិតថា​ប្រសិនបើសិស្សមិនអាចឆ្លើយសំណួរនេះបាន ​គឺគាត់មិនយល់ពីគណិតវិទ្យាពិតប្រាកដទេ ទោះ​បីជាពួកគាត់​ចេះគណិតប៉ុណ្ណាក៏ដោយ។

ដូច្នេះចម្លើយសម្រាប់សំណួរដែលសួរថា តើខ្ញុំត្រូវធ្វើយ៉ាងម៉េចដើម្បីសិក្សាគណិតវិទ្យាឲ្យចេះពិតប្រាកដគឺ៖

  1.  ត្រូវហ៊ានទទួលស្គាល់ថាខ្លួនយើងមិនចេះ -- យើងមិនត្រូវខ្លាចនឹងទទួលស្គាល់​ថាខ្លួន​យើង​មិន​ចេះ​ទេ។ នេះជាជំហ៊ានដំបូងក្នុងការកសាងគ្រិះនៃគណិតវិទ្យាឡើងវិញ។ ប្រសិន​បើយើងគិត​ថាអាង​ទឹកយើង​​ពេញ​ហើយ យើងម៉េចនឹងអាចបូមទឹកដាក់អាងទៀត? ទាល់តែយើង​ហ៊ាន​ទទួល​ស្គាល់​ថា​យើង​​អត់​ចេះ​អ្វីមួយ ទើបយើងអាចដឹងថាយើងត្រូវរៀនអ្វី។

  2. ត្រូវតែហ៊ានធ្វើខុស -- កំហុសមិនមែនជាផ្លូវដែលយើងគួរជៀសទេ គឺជាផ្លូវដែលយើងត្រូវដើរ។ សិស្ស​ភាគ​ច្រើន​ខ្លាចធ្វើខុសនៅពេលដែលពួកគាត់ប្រឈរមុខនឹងលំហាត់ណាមួយ។ ប៉ុន្តែ​បើ​យើង​មិន​ធ្វើ​ខុស តើយើងម៉េចនឹងដឹងថាយើងធ្វើត្រូវ។ កំហុស​របស់​យើង​គឺជាគ្រូដ៏ល្អ​បំផុត​ដែល​អាច​បង្រៀន​យើង​​ថា តើអ្វីដែលយើងគួរឬមិនគួរធ្វើ។

  3. ត្រូវមានគ្រូដែលខ្វាយខ្វល់ពីយើង -- គ្រូវបង្រៀនគឺជាបុគ្គល​សំខាន់ម្នាក់ដែលអាច​ជួយជ្រោមជ្រែង​និង​បង្រៀន​យើង​ឲ្យចេះ។ ប៉ុន្តែសំខាន់ជាងនេះទៅទៀត យើងត្រូវការគ្រូដែលខ្វល់ខ្វាយពីយើង ពីព្រោះ​ការ​រៀន​សូត្រវា​តភ្ជាប់អារម្មណ៍ សរីរាង្គកាយ និងខួរក្បាល។ គ្រូល្អមិនមែន​គ្រាន់តែ​ជាគ្រូដែលមាន​ចំណេះដឹងលើសលប់នោះទេ តែជាគ្រូដែលខ្វល់ខ្វាយពីសិស្ស។

  4. អនុវត្ត អនុវត្ត និង អនុវត្ត -- ​គ្មានកីឡាករណាពូកែពីកំណើតទេ! គ្មានអ្នកលេង​ឧបករណ៍​តន្រ្តីណា​អាចចេះ​លេង​ដោយគ្មានការហ្វិកហាត់នោះទេ។ ដូចគ្នាដែរ គណិតវិទ្យា​តម្រូវឲ្យ​យើងអនុវត្តអ្វី​ដែល​យើងបានរៀនជាមួយគ្រូដោយខ្លួនឯង។ សិស្សខ្លះគិតថា មករៀនកត់​យកពីក្ពារ​ខៀនទៅគឺចេះ​ហើយ

  5. ត្រូវតែហ៊ានរកជំនួយ -- អ្វីដែលសិស្សខ្លះយល់ច្រឡំជាងគេនោះគឺ ពួកគេគិតថាបើសិនជជាយើងចេះ យើងមិនត្រូវការជំនួយទេ! តាមពិតទៅ យើងកាន់តែចេះ យើងកាន់តែសួរ! ដូច្នេះហើយ កុំខ្លាច នឹង សួរ កុំខ្លាចនឹងរកជំនួយពីគ្រូ ពីអ៊ីនធឺណិត ពីសៀវភៅនិងឯកសារផ្សេងៗទៀត។ ទោះ​បីជាដំរីក៏​នៅ​មាន​ភ្លាត់។

តាមពិតទៅ គ្មានរូបមន្តឬវិធីទិព្វណាមួយដែលអាចធ្វើឲ្យមនុស្សគ្រប់ៗគ្នាចេះគណិតវិទ្យាឲ្យដូចគ្នានោះទេ។ មនុស្សម្នាក់ៗមានសេចក្តីត្រូវការខុសគ្នា ហើយក៏មានវិធីរៀនខុសៗគ្នាដែរ។ ដូច្នេះយើងត្រូវតែស្វែងរកអ្វីមួយ​ដែលអាចធ្វើឲ្យយើងសិក្សាចេះ។ នៅពេលដែលយើងរកគន្លិះនោះឃើញ យើងអាចសិក្សាអ្វីក៏បានដែរ!

Share

2 Comments

15/8/2014

មនុស្សឱកាសនិយម

0 Comments

Read Now
 
Picture



ជាធម្មតាខ្ញុំមិនសូវខ្វល់ពីមតិអវិជ្ជមានរបស់សារធារណជន ដែលបានវាយតម្លៃមកលើខ្ញុំឬវិទ្យាស្ថានគណិត​វិទ្យា​រ៉ដវែល​របស់ខ្ញុំប៉ុន្មានទេ ពីព្រោះខ្ញុំដឹងថាពួកគាត់មិនស្គាល់ខ្ញុំច្បាស់ ឬយល់អំពីគោលដៅរបស់ខ្ញុំ​ក្នុង​ការ​​បង្កើត​សាលាគណិតវិទ្យានេះឡើង។ ប៉ុន្តែប៉ុន្មានថ្ងៃនេះ អ្វីដែលបានទាក់ទាញអារម្មណ៍ខ្ញុំជាងគេនោះ គឺ​មាន​មនុស្ស​មួយ​ចំនួនបានហៅខ្ញុំថាជាមនុស្សឆ្លៀតឱកាស។ ខ្ញុំចង់ប្រាប់ថា បាទ! ខ្ញុំពិតជាមនុស្សឆ្លៀតឱកាសមែន!

តាមពិតទៅ ខ្ញុំយល់ពីអារម្មណ៍របស់ពួកគាត់ច្បាស់ណាស់ ពីព្រោះថាសព្វថ្ងៃនេះវិស័យអប់រំបានក្លាយទៅជា​វិធី​សាស្រ្ត​រកលុយយ៉ាងមមារញឹកមួយរបស់មនុស្សឱកាសនិយមមួយចំនួន។ វាកំពុងតែ​បំផ្លាញ​គុណភាព​នៃ​ការ​សិ-​ក្សា​​និងអនាគតក្មេងៗរាប់មិនអស់ ហើយក្នុងនាមជាឳពុកម្តាយ យើងមិនអាចមិនខឹងមិនបានទេ ចំពោះ​ការ​ធ្លាក់​ចុះ​នៃស្តង់ដារក៏ដូចជាគុណភាពនៃការបង្រៀន។ វិស័យអប់រំឯកជនក៏ដូចជារដ្ឋ រដ្ឋក៏ដូចឯកជន។ សា​លា​ខ្លះ​កំ-​ពុង​​គិតតែពីលុយ។ គ្រូបង្រៀនខ្លះវិញភ្លេចតួរនាទីខ្លួនឯងជាគ្រូ ហើយកំពុងតែប្រើលេះយកប្រាក់ខែមក​បំផ្លាញ​សក្តានុពលនិងអនាគតសិស្ស។ ខ្ញុំមិនមែនចង់បានន័យថា ខ្ញុំមិនទទួល​ស្គាល់ផល​វិបាកក្នុង​ការចិញ្ចឹម​ជីវិតនិង​គ្រួសារ​ដោយសារតែបៀវត្សរ៍មិនគ្រប់នោះទេ។ ខ្ញុំគាំទ្រពេញមួយទំហឹង​ក្នុងការ​ដំឡើងប្រាក់​ខែសមរម្យ​ឲ្យគ្រូ​បង្រៀន ហើយក៏ជឿជាក់ថាវាអាចជួយលើកស្ទួយគុណភាពវិស័យអប់រំមួយកម្រិតបានដែរ។ ប៉ុន្តែវា គ្រាន់​តែជា​កត្តាមួយ​ប៉ុណ្ណោះ។ ខ្ញុំជឿថាចំពោះគ្រួខ្លះ ទោះបីជាពួកគាត់ទទួលបានប្រាក់ខែប៉ុន្មាន ក៏នៅតែ​បង្រៀន​មិន​​កើត​ដដែល។ សំខាន់ជាងនេះទៅទៀត គឺលុយ​បានក្លាយទៅជាមូលហេតុដែលគ្រូ​បង្រៀន​បាន បោះ​បង់ឬ​ដើរចោល​តួរនា​ទីខ្លួនឯងទាំងស្រុង។ 

គ្មាននរណាអាចបង្រៀនដោយគ្មានប្រាក់ខែ ហើយក៏គ្មាននរណា​គួរយកវិស័យអប់រំមកធ្វើ​ជាវិធីសាស្រ្ត​រកលុ​យ​​​​ដែរ។ ក្នុងនាមជាគ្រូ យើងត្រូវតែឆ្លៀតឱកាសបំពេញតួរនាទីខ្លួនឲ្យបានល្អបំផុត! យើងត្រូវតែទទួល​ស្គាល់​និង​អនុវត្តតួរនាទីនោះសម្រាប់បម្រើសេចក្តីត្រូវការរបសសិស្ស ហើយឆ្លៀតឱកាស​ទៀមទារប្រាក់បៀវត្តមួយ​ដែល​សមរម្យនឹងបទពិសោធន៍និងចំណេះវិជ្ជាយើង។ ឧទាហរណ៍ គ្មានគ្រូពេទ្យណាគួរ​ដើរចោល​បន្ទប់​វះ​កាត់​ដោយ​សារតែអ្នកជំងឺឲ្យប្រាក់មិនគ្រប់នោះទេ។ នេះវាមិនខុសពីសម្លាប់មនុស្សស្រស់ៗ! គ្រូបង្រៀនក៏ដូចគ្នា នៅ​ពេល​ដែល​ពួកយើងដើរចោលតួរនាទី វាមិនខុសពីការ​សម្លាប់កាលានុវឌ្ឍភាពសម្រាប់ថ្ងៃអនាគត​របស់​សិស្ស​ឡើយ! 

បាទ!​​ខ្ញុំជាមនុស្សឆ្លៀតឱកាស។ ខ្ញុំមិនខ្លាចនឹងទទួលស្គាល់ទេ។ តាំងពីបញ្ចប់ការសិក្សាអនុបណ្ឌិត នៅ​សហ​រដ្ឋ​មក ខ្ញុំតែងតែឆ្លៀតរកឱកាសត្រឡប់មកមាតុប្រទេសវិញ ដើម្បីធ្វើខ្លួនឲ្យមានប្រយោជន៍ក្នុងការ​ករសាង​និង​អភិ-​វឌ្ឍ​ប្រទេសជាតិ។ ខ្ញុំបានធ្វើការស្ម័ក្រចិត្តបម្រើអង្គការជួយលើកស្ទួយវិស័យ​កុមារនិង​យុវជនជាច្រើន​ដង។​ ខ្ញុំក៏ ធ្លាប់ធ្វើការស្ម័ក្រចិត្តបង្រៀនគ្រូគណិតវិទ្យាតាមសិក្ខាសាលានានា ដែលបានរៀបចំ​ឡើងដោយ​វិទ្យាស្ថាន​អប់រំ​ជាតិ ក៏ដូចជាសកលវិទ្យាល័យភូមិន្ទរួមសហរការជាមួយសមាគមន៍គណិតវិទ្យាកម្ពុជា។ ពីរឆ្នាំ​កន្លងមកនេះ ខ្ញុំ បានបោះបង់ជីវិតនៅអាមេរិក បានលក់ផ្ទះ លក់ឡាន និងបញ្ឈប់ការងារជាគ្រូបង្រៀននៅទីនោះ ហើយ​វិល​​ត្រ- លប់មកប្រទេសវិញដោយសារតែខ្ញុំចង់ឆ្លៀតឱកាសមកបម្រើសិស្សនេះឯង។ ដូច្នេះ​នៅពេលដែល គេហៅខ្ញុំថា​ជាមនុស្សឱកាសនិយម ខ្ញុំញញឹមពេញទៅដោយមោទនភាព។ តាមពិតទៅ ខ្ញុំសង្ឃឹមថានឹងមានមនុស្សជា ច្រើន​ទៀតដែលចង់ឆ្លៀតឱកាសដូចជាខ្ញុំ ពីព្រោះវាដល់ពេលដែលយើងគួតែលាលែងពី “សង្គមអញ” មក “សង្គម-យើង” ម្តងហើយ។ ទាំងអស់នេះអាចទៅរួចទាល់តែយើងឆ្លៀតឱកាសជួយគ្នា ពីព្រោះថានរណាក៏រវល់ ចិញ្ចឹម​ជីវិតរៀងៗខ្លួនដែរ។ 

Share

0 Comments
<<Previous
Details

    By Rodwell KOV

    This blog is solely the opinions of Rodwell, and not of any teachers or staff who work at Rodwell Institute.

    Archives

    September 2015
    February 2015
    September 2014
    August 2014
    July 2014

    Categories

    All

    RSS Feed

Copyright © 2012-2022. All Rights Reserved | Rodwell Learning Center | 076/088/096-763-9355
  • Home - ទំព័រដើម
  • Pass Program
  • About Us - អំពីរ៉ដវែល
    • Tell Us
    • Meet Rodwell
    • Our Philosophy
    • Job At Rodwell
  • Address - អស័យដ្ឋាន
  • Webmail - វេបមែល