RODWELL LEARNING CENTER - សាលាបង្រៀនគួររ៉ដវែល

READ OUR BLOG

  • Home - ទំព័រដើម
  • Schedule and Fee - កាលវិភាគនិងតម្លៃ
  • About Us - អំពីរ៉ដវែល
    • Tell Us
    • Meet Rodwell
    • Our Philosophy
    • Work Study Program
    • Job At Rodwell
  • Address - អស័យដ្ឋាន
  • Webmail - វេបមែល

21/2/2015

ប៊ិចឬខ្មៅដៃ?

0 Comments

Read Now
 
Picture
ជាធម្មតា នៅពេលដែលក្មេងទើបតែចូលសាលារៀនជាលើកដំបូង ខ្មៅដៃគឺជាជម្រើសតែមួយគត់​សម្រាប់​សរសេរ​នៅ​ក្នុងសៀវភៅ។ ជាទូទៅ សិស្សបឋមសិក្សាគឺតម្រូវឲ្យប្រើខ្មៅដៃសម្រាប់សរសេរមេរៀន ធ្វើលំហាត់ និងគណនាគណិតវិទ្យាជាដើម។ នៅក្មុងប្រទេសកម្ពុជាយើង នៅពេលដែលសិស្សឡើងដល់កម្រិត​អនុវិទ្យាល័យ ពួកគេគឺតម្រូវ​ឲ្យ​ប្តូរទៅប្រើប៊ិចវិញម្តង។ នេះគឺផ្ទុយពីបញ្ចឹមប្រទេសមួយចំនួនដូចជាសហរដ្ឋ​អាមេរិក គឺគ្មានការទាមទារឲ្យសិស្សផ្លាស់​ប្តូរឧបករណ៍សម្រាប់សរសេរទេ សូម្បីតែដល់កម្រិតឧត្តមសិក្សាក៏ដោយ។ សិស្សអាចសរសេរប្រើប៊ិច ប៉ុន្តែគ្មានការដាក់កំហិតឲ្យសិស្សត្រូវតែប្រើប៊ិចនោះទេ។ ហេតុអ្វីបានជាប្រទេសកម្ពុជាយើងតម្រូវឲ្យសិស្សផ្លាស់ប្តូរទៅប្រើប៊ិចវិញ? តើការប្រើប្រាស់ប៊ិចមានអត្ថប្រយោជន៍យ៉ាងណា? ចុះការប្រើប្រាស់ខ្មៅដៃវិញ តើវាមានគុណសម្បតិ្តអ្វីខ្លះបានជាប្រទេសមហាអំណាចមួយចំនួននៅតែអញ្ញាតិឲ្យកូនសិស្សគេប្រើខ្មៅដៃ?

មុននឹងខ្ញុំនិយាយអំពីផលប្រយោជន៍នៃការប្រើខ្មៅដៃ ខ្ញុំចង់ទទួលស្គាល់ថាប៊ិចពិតជាមានលក្ខណៈសំខាន់​មួយចំនួនដែលខ្មៅដៃមិនអាចផ្តល់ឲ្យបាន។ ទីមួយ ប៊ិចជាឧបករណ៍សរសេររបស់មនុស្សពេញវ័យ ដូច្នេះការផ្លាស់ប្តូរពីខ្មៅដៃទៅប្រើប៊ិចប្រៀបដូចជាការចម្លងវ័យពីកុមារភាពទៅយុវភាព។ វាជាសញ្ញាសម្គាល់ដ៏សំខាន់មួយដែលសរបញ្ជាក់អំពីភាពទទួលខុសត្រូវដែលតម្រូវឲ្យសិស្សឈប់លេងសើចដូចកូនក្មេង។ ទីពីរ ការប្រើប្រាស់ប៊ិចគឺតម្រូវឲ្យសិស្សមានការប្រុងប្រយ័ត្ន​នៅពេលសរសេរ ពីព្រោះពួកគេមិនអាចចេះតែសរសេរៗឲ្យបានតែរួចពីដៃបាននោះទេ វាពិបាកលុបនិងកែវិញណាស់។ ដូច្នេះការ​ប្រើ​ប្រាស់ប៊ិច គឺដូចជាការហ្វឹកហាត់ដ៏សំខាន់មួយសម្រាប់ឲ្យសិស្សចាប់ផ្តើមកែទម្រង់ទម្លាប់នៃការសរសេររបស់ពួកគេ។ ទីបី ប៊ិចជាការរំលឹកដាស់តឿនដែលសិស្សគ្រប់រូបត្រូវចាំថា អ្វីៗដែលយើងធ្វើទៅហើយមិនអាចងាយនឹងកែវិញបានទេ។ ទោះបី​ជា​កែបាន ក៏វានៅតែមានស្នាមចាស់ មិនអាចលុបឲ្យបានដូចដើម 100% ដែរ។ នេះជាមេរៀនដ៏សំខាន់មួយសម្រាប់ឲ្យពួកគេគិតនៅពេលដែលពួកគេសម្រេចចិត្តធ្វើអ្វីមួយក្នុងជីវិត​ ឬធ្វើអំពើអ្វីទៅលើអ្នកដទៃ។ និយាយឲ្យខ្លីទៅ ដូចពាក្យចាស់លោកថា “គិតមុនគូស”។

ចុះប្រសិនបើប៊ិចមានសារៈសំខាន់ដល់ថ្នាក់ហ្នឹង ហេតុអ្វីបានជានៅតែមានប្រទេសខ្លះជំរុញឲ្យសិស្សគេប្រើខ្មៅដៃរហូត​ឧត្តមសិក្សា? ហេតុអ្វីបានជាខ្មៅដៃនៅតែជាឧបករណ៍សរសេរជម្រើសទីមួយសម្រាប់វិស្វករ អ្នកវិទ្យាសាស្រ្ត និងកវី​និពន្ធជាដើម? មុននឹងខ្ញុំបកស្រាយពីមូលហេតុនិងគុណសម្បត្តិរបស់ខ្មៅដៃ ខ្ញុំសូមជម្រាបថា ក្នុង​នាមខ្ញុំជាគ្រូគណិតវិទ្យា ឧទាហរណ៍ដែលខ្ញុំនឹងលើកឡើងទាំងប៉ុន្មានគឺប្រាកដជាមានភាពលម្អៀងទៅលើគណិតវិទ្យាបន្តិចហើយ។ ប៉ុន្តែអ្វីៗទាំងអស់នោះ យើងនៅតែអាចយកវាទៅអនុវត្តក្នុង​មុខវិជ្ជាផ្សេងៗដែរ។

ដើម្បីយល់ឲ្យបានក្បោះក្បាយថា​​ តើខ្មៅដៃមានប្រយោជន៍យ៉ាងណានោះ យើងត្រូវតែពិនិត្យសិក្សាអំពីតួនាទីនៃសាលារៀនជាមុនសិន។ ហេតុអ្វីបានជាយើងបញ្ជូនកូនយើងទៅសាលារៀន? និយាយឲ្យខ្លីទៅ មកពីយើងចង់ឲ្យពួកគេចេះ! នៅពេលដែលពួកគេធ្វើអ្វីមួយត្រូវ យើងប្រៀបវាស្មើនឹងចេះ។ ដូច្នេះបានន័យថានៅពេលដែលសិស្សយើងធ្វើអ្វីមួយ​ត្រូវ គឺពួកគេចេះ។ ប៉ុន្តែអ្វីដែលយើងបានមើលរំលងនោះគឺ សាលារៀនគឺជាកន្លែងដែលអនុញ្ញាតឲ្យសិស្សធ្វើខុស! កំហុសគឺជាមេរៀនដ៏មានតម្លៃមួយក្នុងជីវិតសិស្ស ពីព្រោះពួកគេអាចរៀនពីកំហុសទាំងនោះហើយអាចកែវាមកត្រូវវិញបាន។ នៅពេលសិស្សស្ថិតក្នុងកម្រិតបឋមសិក្សា យើងអនុញ្ញាតឲ្យពួកគេប្រើខ្មៅដៃពីព្រោះយើងដឹថថាពួកគេប្រាកដជាធ្វើខុស​ ដូច្នេះវាងាយស្រួលក្នុងការលុបកែ។ ប៉ុន្តែហេតុអ្វីបានជាយើងគិតថា ក្មេងៗកម្រិតអនុវិទ្យាល័យ ឬ វិទ្យាល័យធ្វើអ្វី​មិនខុស? នេះជាសម្ពាធមួយដែលមិនសមហេតុសមផលដែលវិស័យអប់រំដាក់ទៅលើសិស្ស។ បើសិនជាសិស្សអាចសរសេរប៊ិចហើយមិនខុសមែននោះ គ្មាននរណាផលិតទឹកលុបទេ។​ ខ្ញុំមិនដែលឃើញក្មេងណាប្រើប៊ិចដោយគ្មានទឹកលុបនៅជិតនោះទេ។ បើ​អញ្ចឹងដដែល ហេតុអ្វីបានជាយើងមិនអនុញ្ញាតឲ្យគ្នាប្រើខ្មៅដៃទៅ?

បើយើងនិយាយពីមុខវិទ្យាដែលត្រូវការការគិតព្រាងទុក ដូចជាគណិត រូប គីមី ជីវវិទ្យា ជាដើម ខ្មៅដៃរឹតតែមានអត្ថប្រយោជន៍ជាងប៊ិចទៅទៀត ។ នៅពេលដែលសិស្សសិក្សាគណិតវិទ្យា យើងត្រូវទទួលស្គាល់ថាគាត់មិន​មែនគ្រាន់តែកត់ចម្លងមេរៀនយកមកពីក្តារខៀនទេ។ អ្វីដែលពួកគាត់ត្រូវធ្វើឲ្យបានច្រើននោះគឺលំហាត់អនុវត្តន៍។ ដូច្នេះហើយ ពួកគាត់ប្រាកដជាធ្វើខុស។ និយាយឲ្យចំទៅ យើងជាគ្រូ​ចង់ឲ្យគាត់ធ្វើខុសច្រើនជាងត្រូវ។ ហេតុអ្វី? ពីព្រោះថា​ នៅពេលដែលសិស្សធ្វើខុស គ្រូអាចយល់ដឹងពីការរិះគិតរបស់ពួកគេ ហើយគ្រូអាច​រកវិធីសាស្រ្តផ្សេងៗមកជួយពន្យល់ឲ្យគាត់បានយល់ជាងមុន។ បើសិនជាសិស្សធ្វើត្រូវរហូត ​មិនបានសេចក្តីថាពួកគាត់យល់នោះទេ វាគ្រាន់តែមានន័យថាគាត់អាចធ្វើតាមជំហ៊ានដែលគ្រូបង្ហាញនៅលើក្តារខៀន។​ ការសិក្សា​គណិតវិទ្យាគឺទៀមទារឲ្យសិស្សសាកនេះ សាកនោះ ហើយធ្វើខុសគឺគ្មានបញ្ហា កាន់តែច្រើនកាន់តែល្អ!

ដូច្នេះហើយ នៅពេលដែលសិស្សប្រើប៊ិចក្នុងការធ្វើលំហាត់គណិតវិទ្យា ពួកគាត់ភាគច្រើនមិនហ៊ានសាកល្បងចាប់ផ្តើមដំណោះស្រាយអ្វីមួយទេ ពីព្រោះពួកគាត់ខ្លាចខុសពិបាកលុបចុះលុបឡើងជាមួយនឹងទឹកលុប។ សិស្ស​ខ្លះដែលខ្ញុំបានសង្កេតឃើញ សុខចិត្តទុកក្រដាសឲ្យនៅទទេរហើយចាំគ្រូបង្ហាញដំណោះស្រាយជៀសជាង​សាកដោយខ្លួនឯងដោយសារតែការប្រើប្រាស់ប៊ិចនេះឯង។ ខ្ញុំក៏បានសង្កេតឃើញថា សិស្សដែលប្រើខ្មៅ​ដៃហ៊ានធ្វើលំហាត់ដោយមិនខា្លចខុស ហ៊ានគូសវាសពេញលើក្រដាស ហើយភាគច្រើនទោះបីជាពួកគាត់មិនអាចដោះស្រាយបាន 100%  យ៉ាងហោចណាស់​គាត់ក្លាហានក្នុងការសាកល្បង។

និយាយឲ្យខ្លីទៅ ប៊ិចក្តី ខ្មៅដៃក្តីសុទ្ធតែមានប្រយោជន៍រាងៗខ្លួន។ ក៏ប៉ុន្តែក្នុងការសិក្សាគណនាគណិតវិទ្យា ខ្មៅ​ដៃអាចជួយជំរុញសិស្សឲ្យក្លាហានក្នុងការសាកល្បងរកវិធីដោះស្រាយដោយមិនខ្លាចខុស។ ទោះបីជាយើងប្រើខ្មៅដៃមិនបានន័យថាយើងមិនគិតមុនគូនោះទេ តែសម្រាប់មុខវិទ្យាគណិតវិទ្យានិងមុខវិទ្យាខ្លះទៀត យើងគិតនឹងដៃ។ ដូច្នេះហើយ សិស្សគួរតែនៅប្រើខ្មៅដៃនៅពេលអនុវត្តលំហាត់ក្នុងគណិតវិទ្យាដើម្បីឲ្យស្ទាត់ក្នុងការរិះគិតមុននឹងប្តូរទៅប្រើប៊ិច។

 

Share

0 Comments
Details

    By Rodwell KOV

    This blog is solely the opinions of Rodwell, and not of any teachers or staff who work at Rodwell Institute.

    Archives

    September 2015
    February 2015
    September 2014
    August 2014
    July 2014

    Categories

    All

    RSS Feed

Copyright © 2012-2021. All Rights Reserved | Rodwell Learning Center | 076/088/096-763-9355
  • Home - ទំព័រដើម
  • Schedule and Fee - កាលវិភាគនិងតម្លៃ
  • About Us - អំពីរ៉ដវែល
    • Tell Us
    • Meet Rodwell
    • Our Philosophy
    • Work Study Program
    • Job At Rodwell
  • Address - អស័យដ្ឋាន
  • Webmail - វេបមែល