RODWELL LEARNING CENTER - សាលាបង្រៀនគួររ៉ដវែល

READ OUR BLOG

  • Home - ទំព័រដើម
  • Schedule and Fee - កាលវិភាគនិងតម្លៃ
  • About Us - អំពីរ៉ដវែល
    • Tell Us
    • Meet Rodwell
    • Our Philosophy
    • Work Study Program
    • Job At Rodwell
  • Address - អស័យដ្ឋាន
  • Webmail - វេបមែល

8/9/2014

ហេតុអ្វីបានជាខ្ញុំធ្វើជាគ្រូបង្រៀន?

0 Comments

Read Now
 
Picture
Picture
ជាធម្មតានៅពេលដែលយើងនៅក្មេង ចាស់ៗតែងតែសួរយើងថា តើកូនចង់ធ្វើអីធំឡើង? ក្មេង​ភាគច្រើន​ចង់ធ្វើ​ពេទ្យ វិស្វករ មេធាវី អ្នកជំនួញ និងគ្រូបង្រៀន។ ទោះបីជាពួកគេមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ​ក៏នៅតែ​មាន​​​​មនុស្ស​​ជ្រើស​​រើសយក​មុខ​ងារជា​គ្រូដែរ​ ពីព្រោះ​ថា​វា​ជា​ការងារ​ដែល​មាន​កត្តិយស​។ ប៉ុន្តែសព្វថ្ងៃនេះ កត្តិយស​របស់គ្រូបង្រៀននៅប្រទេសខ្មែរក្តី នៅបរទេសក្តី កំពុងតែទទួលរងគ្រោះពីសំណាក់សាធារណៈ ។ ប្រាក់ខែគ្រូស្ទើរតែស្មើរឬអាចទាបជាងអ្នករត់ម៉ូតូកង់បីផង។ រីឯការទាមទៀរពីសារធារណៈជនវិញ គឺលើស​លប់​ជាងការគាំទ្រពីពួកគេ។ សេចក្តីត្រូវការរបស់សិស្សកំពុងតែអណ្តែតលើងពីមួយថ្ងៃទៅមួយថ្ងៃ តែសេចក្តី​ត្រូវ​ការ​របស់គ្រូត្រូវមើលរំលងឬជាន់ពន្លិចចោល។

ប៉ុន្តែហេតុអ្វីបានជាមានអ្នកដែលនៅចង់ធ្វើជាគ្រូបង្រៀន? តើគាត់ទទួលបានផលចំណេញអ្វីខ្លះទៅ? ខ្ញុំថា​គ្មាន​នរណា​​សម្រេចចិត្តធ្វើគ្រូព្រោះគិតថាខ្លួននឹងក្លាយជាអ្នកមានដូចជាអ្នករកស៊ីទេ។ តើហេតុអ្វីទៅ? ឬក៏មក​ពីពួក​គាត់​អស់​ជម្រើស?

នៅពេលដែលខ្ញុំសិក្សាបរិញ្ញាតិប័ត្រនៅសកលវិទ្យាល័យវ៉ាស្ហិងតោន ខ្ញុំចាប់ផ្តើមសិក្សាផ្នែកវិស្វករ​ ដោយសារ​តែ​ខ្ញុំ​ដឹង​ថាផ្នែកនេះគឺងាយរកការធ្វើ ហើយអាចរកបានប្រាក់កម្រៃចិញ្ជឹមជីវិតបានខ្ពស់ផងដែរ។ ប្អូន​ប្រុស​ខ្ញុំ​សិក្សា​ខាងវិស្វករកុំព្យូវទ័រ បងប្រុសធ្វើការឲ្យក្រុមហ៊ុនផលិតយន្តហោះ Boeing ។ ម៉ាក់ប៉ាសុទ្ធតែធ្វើការ​ឲ្យ​ក្រុម​ហ៊ុន​អេឡិកត្រូនិកទាំងពីររូប។ ដូច្នេះ ជម្រើសសិក្សាវិស្វករជាផ្លូវដើរយ៉ាងធម្មជាតិមួយដែលខ្ញុំត្រូវដើរ។ ប៉ុន្តែ​បន្ទាប់​ពីសិក្សាបានពីរឆ្នាំ ខ្ញុំចាប់ផ្តើមមានអារម្មណ័ថា ខ្ញុំមិនសូវពេញចិត្តនឹងអ្វីដែលខ្ញុំកំពុងតែសិក្សាសោះ។ ខ្ញុំ​ក៏​សម្រេច​ចិត្តប្តូរទៅសិក្សាផ្នែកគណិតវិទ្យាអនុវត្តវិញ ដោយគិតថា បើយ៉ាងម៉េចៗ ខ្ញុំនៅតែ​អាច​រក​ការ​ធ្វើបាន​នៅ​ក្នុង​វិស័យវិស្វករ។

បន្ទាប់ពីរៀនចប់បរិញ្ញាប័ត្រ ខ្ញុំក៏សាកដាក់ពាក្យចូលបន្តសិក្សាអនុបណ្ឌិត​ផ្នែកវិស័យ​អប់រំ​គណិត​វិទ្យា​ទាំង​ប្រថុយ​​ប្រថាន ពីព្រោះគេយកតែគ្រូណាដែលមានបទពិសោធន៍យ៉ាងតិចណាស់ពីរទៅបីឆ្នាំ។ តែខ្ញុំទើបតែ​រៀន​ចប់ អត់ទាន់មានបទពិសោធន៍អីទេ។ សំណាងខ្ញុំដល់ ឆ្អឹងខ្ញុំអណ្តែត សកលវិទ្យាល័យ​បានអនុញ្ញាតិឲ្យ​ខ្ញុំបន្ត​អនុបណ្ឌិត ដែលមានរយៈពេលពីរឆ្នាំទៀត។ ខ្ញុំរៀនចប់អនុបណ្ឌិតពេលខ្ញុំមានអាយុ 24 ឆ្នាំ ហើយខ្ញុំ​ក៏បាន​ចូល​បង្រៀនតាមមហាវិទ្យាល័យនៅក្នុងក្រុងស៊ីអាផុល។ ដោយសារតែខ្ញុំនៅក្នេងបន្តិច ការបង្រៀន​នៅមហា​វិទ្យា​ល័យ​មាន​ផលវិបាកខ្លះ ដែលបានធ្វើឲ្យខ្ញុំធុញទ្រាន់នឹងការងារ។ ខ្ញុំក៏សម្រេចចិត្តប្តូរទៅកម្រិតវិទ្យាល័យវិញ។ ប្រាំ​ឆ្នាំដែលខ្ញុំបង្រៀននៅវិទ្យាល័យ ខ្ញុំបានយល់ដឹងច្រើន ជាពិសេស​ពីមូលហេតុដែល​ខ្ញុំសម្រេច​ចិត្តធ្វើជា​គ្រូបង្រៀន។ ប្រាំឆ្នាំនោះបានបង្រៀនខ្ញុំឲ្យដឹងពីតូនាទីខ្លួន​ឯង ​និងកាតព្វកិច្ចជាគ្រូក្នុងការអភិវឌ្ឍន៍មនុស្ស។ ទាំងប្រាំយ៉ាងខាងក្រោមនេះ ជាមូលហេតុដែលខ្ញុំសមេ្រចចិត្តធ្វើជាគ្រូបង្រៀន៖

  1. ខ្ញុំអាចបង្រៀនសិស្សឲ្យយល់ដឹងពីពិភពលោកនឹងកាតព្វកិច្ចរបស់គេជាមនុស្សមួយរូប

    ចំពោះយុវជនកេ្មងៗយើងមានឱកាសតិចតួចណាស់សម្រាប់បង្រៀនលុតដំពួកគេឲ្យទៅជាមនុស្ស​មួយរូបដែលអាចធ្វើអ្វីនានាឲ្យមានប្រយោជន៍ដល់ប្រទេសក៏ដូចជាពិភពលោកទាំងមូល។ ដូច្នេះ​ហើយ វ័យវិទ្យាល័យគឺជាពេលដ៏សំខាន់មួយដែលពួកគេបានចំណាយជាមួយគ្រូ តាមពិតទៅ ពេល​វេលា​នោះអាចច្រើនជាងជាមួយឳពុកម្តាយគេផង។ ទោះបីជាខ្ញុំត្រឹមតែជា​គ្រូ​បង្រៀន​គណិតវិទ្យា​ក៏ដោយ ក៏ខ្ញុំខំឆ្លៀតឱកាស​បង្រៀនពួកគេឲ្យយល់ដឹងពីពិភពលោកទាំងមូល មិនមែនត្រឹម​តែគណិត​វិទ្យា​ទេ។ ខ្ញុំអាចធ្វើឲ្យពួកគេគិត ហើយស្វែងរក​ចម្លើយដោយខ្លួន​​​​​​​​​​​​​​​​​​ឯង។ ការស្វែងរក ស្វែង​យល់នេះ​ហើយ​ដែលអាចធ្វើឲ្យពួកគេបែកចិត្ត បែកគំនិត ចេះថ្លឹងថ្លែង ចេះពិចារិណា ចេះរកវិធីដោះ​ស្រាយ​បញ្ហាផ្ទាល់ខ្លួនក៏ដូចជារបស់សហគមន៍ពួកគេ។ 

  2. ខ្ញុំអាចបន្តរៀនសូត្រនៅពេលដែលខ្ញុំបង្រៀន

    តាមពិតទៅ ខ្ញុំរៀនចេះដឹងបានច្រើននៅពេលដែលខ្ញុំធ្វើជាគ្រូ។នេះក៏ដោយសារតែសិស្ស​មាន​សំណួរ​​ឬចម្ងល់ល្អៗដែរហើយ ពួកគាត់តែងតែសួរ។ ទោះបីជាខ្ញុំមិនមានចម្លើយជាប់នឹងខ្លួន ក៏​ខ្ញុំខំស្រាយជ្រាវយកចម្លើយនោះមកឲ្យពួកគាត់ឲ្យបាន។ ការសិក្សាបន្ថែមនេះ​ហើយបាន​ធ្វើឲ្យខ្​ញុំគិត​ថា ខ្លួនចេះដឹងច្រើនជាងកាលមិនទាន់ធ្វើគ្រូទៀត។ គ្រប់វិស័យកំពុងតែអភិវឌ្ឍទៅមុខ ដូច​ជាបច្ចេកវិទ្យា វិទ្យាសាស្រ្ត ចំណេះដឹងទូទៅ ហេតុការជុំវិញពិភពលោកជាដើម។ ខួក្បាល​របស់​ក្មេងៗ​ជំនាន់​នេះគឺខុសពីជំនាន់មុន។​ ដូច្នេះហើយខ្ញុំត្រូវតែបង្ខំខ្លួនឯងឲ្យខំរៀនសូត្រពីនេះ ពីនោះដើម្បី​ឲ្យ​មាន​ចំណេះដឹង​គ្រប់គ្រាន់សម្រាប់ពន្យល់បង្រៀនសិស្ស។

  3. ខ្ញុំមានមោទនភាពនៅពេលដែលសិស្សរៀនចេះ

    ខ្ញុំមានមោទនភាពដែលខ្លួនពូកែរកវិធីសាស្រ្តពន្យល់ផ្សេងៗហើយប្លែកៗដើម្បីឲ្យសិស្សយល់ពីមេ​រៀន​ពិបាកៗ។ នៅពេលដែលពួកគេយល់ហើយ ខ្ញុំតែងតែឃើញទឹកមុខរបស់ពួកគេភ្លឺថ្លា ហើយ​ស្នាមញ​ញឹម​ក៏ចេញមកដែរ។ នោះហើយជាមោទភាព​របស់គ្រូទៅលើសមត្ថភាព​មួយដែលអាច​បង្រៀន​អ្នក​ដទៃបាន។ ខ្ញុំតែងតែនិយាយថា អ្នកដែលចេះ​គណិតវិទ្យាមិន​ប្រាកដថាចេះ​បង្រៀនវា​ទេ។ ដូច្នេះបើយើងមានទេព្យកោសល្យខាងបង្រៀន អ្វីៗផ្សេងទៀតគឺវាងាយនឹងរៀនថែមទេ។ ផ្ទុយ​ទៅវិញ​ បើសិនជាយើងចេះយ៉ាងណាតែគ្មានទេព្យកោសល្យ វាពិបាកបន្តិច។

  4. ខ្ញុំសប្យាយនិងរីករាយបំផុតនៅពេលដែលខ្ញុំបង្រៀន

    ទោះបីជាខ្ញុំហត់នឿយយ៉ាងណា នៅពេលដែលខ្ញុំដើរចូលថ្នាក់ឈរនៅមុខក្តារខៀន មិនដឹង​ថាកម្លាំង​ខ្ញុំមកពី​ណាទេ។ ខ្ញុំគឺរស់រវើក ពរពេញទៅដោយកាយវិការនិងសម្លេងឭៗ។ និយាយឲ្យខ្លីទៅ ខ្ញុំ​សប្បាយ​និង​រីករាយជាងគេនៅពេលដែលខ្ញុំឈរបង្រៀននៅមុខសិស្ស។ ខ្ញុំជឿថា មនុស្ស​យើងគ្រប់​រូប​ត្រូវ​តែ​ជ្រើសរើសមុខងារមួយដែលធ្វើឲ្យយើងសប្បាយចិត្តនឹងធ្វើការងារនោះដោយក្តីរីករាយ​មិន​មែន​ដោយ​បង្ខំចិត្តទេ ជាពិសេសមុខងារជាគ្រូនេះមួយ។ អនាគតក្មេងៗទាំងមូលគឺ​ឋិតនៅលើ​កណ្តាប់​ដៃ​យើង។ បើសិនជាការងារនេះជាការអស់ជម្រើស នោះមានន័យ​ថាការផ្គត់ផ្គង់​អនាគត​ក្មេងគឺមិន​មែនជាជម្រើសយើងទេ។ ដូច្នេះវាប្រហែល​ជាដល់ពេលដែលយើងត្រូវដើរ​ចេញពីមុខងារ​ជាគ្រូហើយទុកឲ្យអ្នកដែលចង់ធ្វើវិញហើយ។​

  5. ខ្ញុំអាចផ្លាស់ប្តូរជោគវាសនារបស់មនុស្សម្នាក់បាន

    មុខងារនិងតួនាទីជាគ្រូគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្លាស់ប្តូរជោគវេសនារបស់សិស្ស។ អនាគត​ពួកគេគឺពឹងផ្អែកទាំងស្រុងទៅលើភារកិច្ចនិងការទទួលខុសត្រូវរបស់គ្រូទាំងស្រុង។ នេះ​មិន​មែន​ជាអ្វីដែលខ្ញុំអាចយកមកលេងសើចបានទេ។​ ទោះបីជាខ្ញុំដឹងថាខ្ញុំមិនអាចប្តូរ​សិស្ស100%​ ក៏​ខ្ញុំ​នៅ​តែព្យាយាម។ ប្រាកដណាស់ យើងមិនអាចផ្លាស់ប្តូរពិភពលោកទាំងមូលបានទេ តែយើងអាច​ផ្លាស់​ប្តូរ​ពិភពរបស់មនុស្សម្នាក់បាន។ ខ្ញុំតែងតែខិតខំបង្រៀនពួកគេ​ឲ្យ​ចេះ យល់ ដឹង ពីជីវិត​ក្រៅ​ពី​គណិត​វិទ្យា។ ខ្ញុំតែងតែសួរខ្លួនឯងថា បើសិនជាខ្ញុំដកយកគណិតពីសិស្សខ្ញុំមកវិញ តើពួកគាត់​បាន​រៀន​ចេះ​អ្វីខ្លះទៀតពីខ្ញុំដែលអាចយកទៅប្រើការបានក្នុងជីវិតគាត់? បើសិនចម្លើយគឺគ្មានអ្វីសោះ នោះ​ខ្ញុំប្រាកដជាមិនបានបង្រៀនអ្វីដល់ពួកគាត់ទេ។ 

មុខងារជាគ្រូបង្រៀនគឺពិតជាមានសារៈសំខាន់ទូលំទូលាយណាស់។ វាមិនងាយស្រួល​ដូចជាការ​គិតឬការ​ធ្វើ​របស់​មនុស្ស​មួយចំនួនទេ។ បើសិនជាមានគ្រូណានិយាយថា ការបង្រៀនគ្មានអ្វីពិបាកទេ គាត់ប្រាកដជា​មិន​បាន​​ឬមិ​នទាន់បានបំពេញភារកិច្ចគាត់ជាគ្រូឲ្យបានពេញលេញនៅឡើយទេ។ វេសនា​របស់​មនុស្សម្នាក់​ទាំង​មូល​​គឺ​ឋិតនៅលើដៃរបស់យើងជាគ្រូ។ ដូច្នេះយើងត្រូវឈប់យកអនាគតគ្នាមកលែងសើច ឬការងារ​បណ្តោះ​អាស្នន​ពីព្រោះ​យើងគ្មាន​ជម្រើសអ្វីផ្សេងក្នុងជីវិត។  

Picture
Picture
Picture

Share

0 Comments
Details

    By Rodwell KOV

    This blog is solely the opinions of Rodwell, and not of any teachers or staff who work at Rodwell Institute.

    Archives

    September 2015
    February 2015
    September 2014
    August 2014
    July 2014

    Categories

    All

    RSS Feed

Copyright © 2012-2021. All Rights Reserved | Rodwell Learning Center | 076/088/096-763-9355
  • Home - ទំព័រដើម
  • Schedule and Fee - កាលវិភាគនិងតម្លៃ
  • About Us - អំពីរ៉ដវែល
    • Tell Us
    • Meet Rodwell
    • Our Philosophy
    • Work Study Program
    • Job At Rodwell
  • Address - អស័យដ្ឋាន
  • Webmail - វេបមែល